បុរស​អាមេរិកាំង​ម្នាក់​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ ១០ ឆ្នាំ​ពី​បទ​ពេស្យាកម្ម

ភ្នំពេញៈ បុរស​អាមេរិកាំង​ម្នាក់​​ពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​ច្រើន​នាក់​ប្រព្រឹត្ត​នៅ​ឆ្នាំ​ ២០១១ ​ដល់​ឆ្នាំ​ ២០១៥ បន្ទាប់ពី​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃ ​១៨ ខែ​ឧសភា​ឆ្នាំ ២០១៦។

ជនជាប់ចោទ​រូប​នេះ​ឈ្មោះ Brian Naswall អាយុ​ ៥៣ ​ឆ្នាំ​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Aero Cambodia។

គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​។​ ជន​នេះ​ត្រូវ​បាន​​ដើម​បណ្តឹង​ និង​សាក្សី​ចោទ​ថា​បាន​​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​កុមារ​​​ ៩ ​នាក់​អាយុ​​ពី​ ៥ ​ឆ្នាំ​ដល់​​ ១៦ ​ឆ្នាំ​​នៅ​ម្តុំ​មាត់​ទន្លេ និង​ខ្លះ​រស់នៅ​បុរីកីឡា។

ចៅក្រម​ជំនុំ​ជម្រះ​លោក ឃី ឆៃ បាន​អាន​សេចក្តី​សម្រេច​ថា៖ «សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ Brian Naswall អាយុ​ ៥៣ ​ឆ្នាំ​សញ្ជាតិ​អាមេរិកាំង​ដាក់​​ពន្ធនាគារ ១០ ​ឆ្នាំ​ពី​បទ​ធ្វើ​ពេស្យាចារ​តាម​មាត្រា​ ៣៤ នៃ​ច្បាប់​ស្តីពី​ការ​ជួញដូរ​មនុស្ស​ និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ»។ ក្រៅពី​នោះ​ក៏​តម្រូវ​ឲ្យ​ Brian សង​ជំងឺ​ចិត្ត​ ៤៨ ​លាន​រៀល​ដល់​ដើម​បណ្តឹង​ ៦ ​នាក់​ផង​ដែរ​ដោយ​ម្នាក់ៗ​ត្រូវ​បាន ៨ លាន​រៀល។

ក្រោយ​ប្រកាស​សាលក្រម​រួច​ជន​ជាប់​ចោទ​​បាន​ថ្លែង​ថា​ការ​កាត់​ក្តី​នេះ​ មាន​ភាព​អយុត្តិធម៌​ដោយសារ​គាត់​មិន​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់ មិន​មាន​ឱកាស​បង្ហាញ​ភ័ស្តុតាង​ និង​សាក្សី​ហើយ​គ្មាន​មេធាវី​ពេល​​ជាប់​ឃុំ​។ លោក​ក៏​បាន​ចោទ​អង្គការ​ការពារ​កុមារ APLE ថា​ជា​អ្នក​រៀបចំ​ធ្វើ​បាប​គាត់។

ក្នុង​លិខិត​មួយ​ដែល​បាន​ហុច​ឲ្យ​អ្នក​សារព័ត៌មាន​ក្រោយ​ប្រកាស​សាលក្រម​ លោក ​Brian បាន​ចោទ​អង្គការ ​APLE ថា​បាន​បង្ខំ​កុមារ​ដែល​ថា​ជា​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​ទម្លាក់​កំហុស​លើ​រូប​ លោក​ដោយ​បាន​ឲ្យ​លុយ​ដល់​ពួកគេ។

ប៉ុន្តែ​លោក ឃឹម វ៉ាន់ដូ នាយក​កម្មវិធី​របស់​អង្គការ​ APLE បាន​បដិសេធ​ចំពោះ​ការ​ចោទ​នេះ​ដោយ​អះអាង​ថា៖ «ការ​លើក​ឡើង​របស់​ជន​ជាប់ចោទ​ជា​រឿង​មិន​ពិត​ហើយ​គ្រាន់​តែ​ជា​ការ​ដោះសា​ ប៉ុណ្ណោះ​ប៉ុន្តែ​ព្យាយាម​ដាក់​បន្ទុក​លើ​ក្មេងៗ និង​អ្នក​ធ្វើការ​ក្នុង​រឿង​ក្តី​នេះ»។ ជាមួយ​គ្នា​នេះ​អង្គការ​ APLE ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សាទរ​ចំពោះ​សាលក្រម​ផង​ដែរ​ប៉ុន្តែ​បាន ​សម្តែង​ការ​សោកស្តាយ​ដោយសារ​តុលាការ​មិន​បាន​តម្រូវ​ឲ្យ​ Brian ចេញ​ពី​ស្រុក​ខ្មែរ​ដូច​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ជនរងគ្រោះ។

យ៉ាង​ណា​ក៏ដោយ​លោក លី សុផាន់ណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និយាយ​ថា៖ «ការ​សម្រេច​សេចក្តី​នេះ​ជា​អំណាច​របស់​ចៅក្រម​ដោយ​មិន​មាន​ចំណុះ​ឲ្យ​ទៅ​ ភាគី​ខាង​ណា​ឡើយ​»៕

Source: http://www.postkhmer.com/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%98%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%95%E1%9F%92%E1%9E%8A%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%91%E1%9F%84%E1%9E%9F-%E1%9F%A1%E1%9F%A0-%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%96%E1%9E%B8%E1%9E%94%E1%9E%91%E1%9E%96%E1%9F%81%E1%9E%9F%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalise and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.