ភ្នំពេញ ? កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ តុលាការកំពូលបានប្រកាសសាលក្រមលើជនជាប់ចោទជនជាតិអង់គ្លេសអាយុ ៥៥ ឆ្នាំឈ្មោះ Michael Glyn Jones ដោយតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និង បានបញ្ជាឱ្យនិរទេសខ្លួន បន្ទាប់ពីបញ្ចប់ការជាប់ពន្ធនាគារ។
នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិអង់គ្លេសអាយុ ៥៥ ឆ្នាំឈ្មោះ Michael Glyn Jones ដាក់ពន្ធនាគារ ៨ ឆ្នាំពីបទទិញពេស្យាចារកុមារនិងប្រព្រឹត្តអំពើមិនសមរម្យលើអនីតិជនអាយុក្រោម ១៥ ឆ្នាំពីក្មេងស្រី ៤ នាក់ អាយុចន្លោះពី ៧ ទៅ ១១ ឆ្នាំ។ ទោះយ៉ាងណារយៈពេល ៨ ឆ្នាំត្រូវបានសាលាឧទ្ធរណ៍កាត់ក្តីកាលពីខែកញ្ញាឆ្នាំ ២០១៥ មកនៅត្រឹមដាក់ពន្ធនាគារ ៥ ឆ្នាំដែលជាថិរវេលាដែលទាបជាងការដាក់ទណ្ឌកម្មអប្បបរមានៃមាត្រា ៣៤ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ។
Michael Jones ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភបំពានផ្លូវភេទលើអនីតិជនដោយអង្គភាពប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ 2014។ APLE Cambodia បានប្រាប់ប៉ូលីស និងជួយក្នុងការជួយសង្គ្រោះជនរងគ្រោះ។ ក្មេងស្រីមិនគ្រប់អាយុបួននាក់បានលាតត្រដាងពីឧប្បត្តិហេតុរំលោភបំពានជាច្រើនដោយលោក Michael Jones។
លោកស្រី ហ៊ឹម សុភ័ណ្ឌ ប្រធានក្រុមគាំទ្រតុលាការរបស់ APLE ដែលធ្វើការផ្ទាល់ជាមួយជនរងគ្រោះបាននិយាយថា ចាប់តាំងពីការជួយសង្គ្រោះមក កុមារីទាំងអស់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលថែទាំដែលមានសុវត្ថិភាពដែលពួកគេបន្តទទួលបានការគាំទ្រ និងការព្យាបាលផ្លូវចិត្ត។ ការព្យាបាលគឺពិតជាដំណើរការដ៏ខ្លាំងក្លាមួយទាំងពេលវេលា និងធនធាន ប៉ុន្តែការទទួលបានយុត្តិធម៌គឺជាផ្នែកមួយនៃអ្វីដែលពួកគេបានរកឃើញថាមានប្រយោជន៍ក្នុងការព្យាបាល។