ក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ កុមារមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងទូលំទូលាយមិនធ្លាប់មានពីមុនមក ដែលផ្តល់ឱ្យពួកគេនូវឱកាសរាប់មិនអស់សម្រាប់ការរៀនសូត្រ ច្នៃប្រឌិត និងទំនាក់ទំនងក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាដូចគ្នានេះ ក៏អាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យផងដែរ រួមទាំងការលួងលោមបោកបញ្ឆោតតាមអ៊ីនធឺណិត ការគំរាមផ្លូវភេទ និងការជំរិតទារប្រាក់។ ក្នុងនាមជាឪពុកម្តាយ និងអ្នកមើលថែទាំកុមារ វាមានសារៈសំខាន់ណាស់ក្នុងការការពារកូនរបស់យើងពីគ្រោះថ្នាក់ទាំងនេះ។ ការយល់ដឹងអំពីហានិភ័យ និងវិធានសុវត្ថិភាព ផ្តល់នូវជំហានជាក់លាក់់ដែលអ្នកអាចអនុវត្តបាន ដើម្បីជួយការពារកូនរបស់អ្នកឱ្យមានសុវត្ថិភាពនៅលើអ៊ីនធឺណិត។
ការយល់ដឹងអំពីហានិភ័យ
ការលួងលោមតាមអនឡាញ
ការលួងលោមតាមអនឡាញជាដំណើរការមួយដែលមនុស្សពេញវ័យបង្កើតទំនាក់ទំនងជាមួយកុមារដើម្បីកេងប្រវ័ញ្ច ឬរៀបចំពួកគេដើម្បីកេងប្រវ័ញ្ច។ ជនលួងលោមតែងចាប់ផ្តើមដោយការព្យាយាមទទួលបានទំនុកចិត្តពីកុមារ តាមរយៈការសន្ទនាប្រកបដោយភាពរួសរាយរាក់ទាក់នៅលើបណ្តាញទំនាក់ទំនងសង្គម វេទិកាលេងហ្គេម ឬបន្ទប់ជជែកកំសាន្ត។ ពួកគេអាចចែករំលែកចំណាប់អារម្មណ៍ ផ្តល់ការសរសើរ ឬផ្តល់ការគាំទ្រផ្លូវចិត្ត ដើម្បីបង្កើតចំណងជិតស្និត។ យូរៗទៅ ពួកគេអាចចាប់ផ្តើមនិយាយរឿងមិនសមរម្យ និងបន្ស៊ាំកុមារជាមួយប្រធានបទអាសអាភាសឬផ្លូវភេទ លើកទឹកចិត្តឱ្យរក្សាការសម្ងាត់ និងបញ្ចុះបញ្ចូលកុមារឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬរូបភាពអាក្រាតកាយ។
ការគំរាមផ្លូវភេទ
ការគំរាមផ្លូវភេទ ជាពិសេសចំពោះក្មេងជំទង់ ជាក្តីកង្វល់ដែលកំពុងកើនឡើង និងធ្វើអោយកុមាររាប់សិបនាក់រងគ្រោះ។ រឿងនេះកើតឡើងនៅពេលជនណាម្នាក់ លួងលោមបោកបញ្ឆោតជនរងគ្រោះឱ្យចែករំលែករូបភាពស្និទ្ធស្នាល ឬរូបភាពអាក្រាតកាយ ហើយបន្ទាប់មកពួកគេគំរាមចែករំលែករូបភាពទាំងនោះជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ប្រសិនបើជនរងគ្រោះមិនព្រមបង់ប្រាក់ទៅគេ ឬធ្វើតាមការបញ្ជា។ ការកេងប្រវ័ញ្ចប្រភេទនេះអាចនាំឱ្យមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះ រួមទាំងអារម្មណ៍ខ្មាស់អៀន ភាពភ័យខ្លាច និងការផ្តាច់ខ្លួនចេញពីអ្នកដទៃ។
ជំហានសម្រាប់ឪពុកម្តាយ និងអ្នកមើលថែទាំកុមារ
ចាប់ផ្តើមការសន្ទនាមុនពេល
ជំហានដំបូងក្នុងការការពារកូនរបស់អ្នក គឺការចាប់ផ្តើមសន្ទនាដោយបើកចំហអំពីសុវត្ថិភាពតាមអ៊ីនធឺណិត។ ចាប់ផ្តើមពិភាក្សាអំពីប្រធានបទទាំងនេះនៅពេលកូនរបស់អ្នកស្ថិតក្នុងវ័យក្មេង ដោយប្រើភាសាដែលសមស្របតាមអាយុរបស់ពួកគេ។ ប្រើប្រាស់ឧទាហរណ៍ពីកម្មវិធីអនឡាញ ហ្គេម ឬប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពួកគេចូលចិត្ត ដើម្បីពន្យល់ពីអ្វីដែលមានសុវត្ថិភាព និងអ្វីដែលគ្មាន។ សង្កត់ធ្ងន់ថា អ៊ីនធឺណិតអាចជាកន្លែងដ៏អស្ចារ្យ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដ៏អាក្រក់។ លើកទឹកចិត្តកូនរបស់អ្នកឱ្យចែករំលែកពីបទពិសោធន៍លើអនឡាញរបស់ពួកគេ ជំរុញបរិយាកាសដែលពួកគេមានអារម្មណ៍ស្រួលក្នុងការមករកអ្នក ដើម្បីនិយាយពីកង្វល់របស់ពួកគេ។
កំណត់ច្បាប់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតនៅផ្ទះ
ការបង្កើតច្បាប់គ្រួសារសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត មានសារៈសំខាន់ណាស់។ ជជែកជាមួយកូនរបស់អ្នកដើម្បីបង្កើតកិច្ចព្រមព្រៀងគ្រួសារដោយរៀបរាប់ពីអាកប្បកិរិយាលើអ៊ីនធឺណិតដែលអាចទទួលយកបាន។ ពិភាក្សាអំពីគេហទំព័រ និងកម្មវិធីណាមួយដែលសមស្រប កំណត់ពេលវេលាប្រើប្រាស់អ៊ីនធឺណិត និងបញ្ជាក់ពីប្រភេទនៃអន្តរកម្មឬទំនាក់ទំនងដែលមានសុវត្ថិភាព។ ត្រូវប្រាកដថា អ្នកចូលរួមជាមួយកូនរបស់អ្នកក្នុងដំណើរការនេះ ដោយអនុញ្ញាតឱ្យពួកគេបញ្ចេញមតិ និងប្រាប់ពីចំណង់ចំណូលចិត្តរបស់ពួកគេ ដែលអាចជួយឱ្យពួកគេមានអារម្មណ៍ថាមានការលើកទឹកចិត្តនៅពេលធ្វើតាមច្បាប់គ្រួសារ។
បង្រៀនមូលដ្ឋានឯកជនភាព
ការអប់រំកូនរបស់អ្នកអំពីឯកជនភាពនៅលើអ៊ីនធឺណិត គឺចាំបាច់ណាស់។ ពន្យល់ពីសារៈសំខាន់នៃការរក្សាព័ត៌មានផ្ទាល់ខ្លួនជាឯកជន និងបង្រៀនពួកគេអំពីអ្វីដែលបង្កើតជាព័ត៌មានរសើប។ ជួយពួកគេឱ្យយល់ថា ពួកគេមិនគួរចែករំលែកឈ្មោះពេញ អាសយដ្ឋានផ្ទះ លេខទូរស័ព្ទ ឈ្មោះសាលា ឬព័ត៌មានលម្អិតអំពីអត្តសញ្ញាណផ្សេងទៀតជាមួយនរណាម្នាក់តាមអនឡាញឡើយ។ ពិចារណាអំពីការធ្វើសកម្មភាព ឬលេងហ្គេមសប្បាយៗ ដើម្បីពង្រឹងការរៀនមេរៀនទាំងនេះ ដោយធ្វើឱ្យបទពិសោធន៍សិក្សាមានភាពទាក់ទាញ។
ពិនិត្យមើលសកម្មភាពអនឡាញ
ការតាមដានសកម្មភាពលើអ៊ីនធឺណិតរបស់កូនអ្នក គឺជារឿងចាំបាច់សម្រាប់ការរក្សាសុវត្ថិភាពរបស់ពួកគេ។ ខណៈពេលដែលវាមានសារៈសំខាន់ក្នុងការគោរពឯកជនភាពរបស់ពួកគេ ការសន្ទនាបើកចំហអំពីការជឿទុកចិត្ត និងការត្រួតពិនិត្យ អាចជួយបាន។ អ្នកអាចប្រើឧបករណ៍គ្រប់គ្រងដោយមាតាបិតា (Parental Control) ដែលមាននៅលើឧបករណ៍ និងកម្មវិធីអនឡាញ ដើម្បីជួយគ្រប់គ្រងអ្វីដែលកូនរបស់អ្នកអាចចូលប្រើបាន។ ឧបករណ៍ទាំងនេះអាចទប់ស្កាត់មាតិកាមិនសមរម្យ កំណត់រយៈពេលមើលអេក្រង់ និងតាមដានអន្តរកម្មលើអ៊ីនធឺណិត ខណៈពេលដែលនៅតែអនុញ្ញាតឱ្យកូនរបស់អ្នករីករាយជាមួយបទពិសោធន៍ឌីជីថលរបស់ពួកគេ។
ដឹងពីការផ្លាស់ប្តូរអាកប្បកិរិយា
ក្នុងនាមជាឪពុកម្តាយ វាសំខាន់ណាស់ក្នុងការសង្កេតមើលការផ្លាស់ប្តូរណាមួយក្នុងអាកប្បកិរិយារបស់កូនអ្នក។ ប្រសិនបើភ្លាមៗពួកគេក្លាយជាស្ងប់ស្ងាត់ បិទបាំងច្រើន ថប់បារម្ភ ឬផ្តាច់ខ្លួនចេញពីគេឯង វាអាចជាសញ្ញាថាមានអ្វីមួយខុសប្រក្រតី។ រកមើលសញ្ញាដូចជា ការស្ទាក់ស្ទើរក្នុងការនិយាយអំពីទំនាក់ទំនងលើអ៊ីនធឺណិតរបស់ពួកគេ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ ឬការគេង ឬការជៀសវាងសកម្មភាពមួយចំនួនដែលពួកគេធ្លាប់ចូលចិត្តពីមុន។ ប្រសិនបើអ្នកកត់សម្គាល់ការផ្លាស់ប្តូរទាំងនេះ សូមចូលទៅជិតកូនរបស់អ្នកដោយទន់ភ្លន់ ហើយលើកទឹកចិត្តពួកគេឱ្យចែករំលែកអ្វីដែលរំខាន ឬបានកើតឡើងចំពោះពួកគេ។
លើកទឹកចិត្តឱ្យមានការគិតប្រកបដោយការត្រិះរិះពិចារណា
ការជំរុញជំនាញការគិតប្រកបដោយការត្រិះរិះពិចារណា ជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីការពារពួកគេពីការគំរាមតាមអ៊ីនធឺណិត។ បង្រៀនពួកគេឱ្យសួរអំពីអ្វីដែលពួកគេឃើញ និងឮតាមអ៊ីនធឺណិត។ ពិភាក្សាអំពីភាពខុសគ្នារវាងប្រភពដែលអាចទុកចិត្តបាន និងព័ត៌មានមិនពិត។ លើកទឹកចិត្តពួកគេឱ្យគិតយ៉ាងម៉ត់ចត់អំពីមាតិកាដែលពួកគេជួបប្រទះ និងមនុស្សដែលពួកគេទាក់ទងជាមួយ។ សូមរំលឹកពួកគេថា មិនមែនអ្វីៗទាំងអស់នៅលើអ៊ីនធឺណិតសុទ្ធតែជាការពិតនោះទេ ហើយពួកគេគួរតែប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សប្លែកមុខ។
អនុវត្តសេណារីយ៉ូជាមួយគ្នា
ការដើរតួក្នុងសេណារីយ៉ូលើអ៊ីនធឺណិតផ្សេងៗគ្នាអាចជួយរៀបចំកូនរបស់អ្នកសម្រាប់ស្ថានភាពជីវិតពិត។ បង្កើតស្ថានភាពសម្មតិកម្ម ដែលនរណាម្នាក់នៅលើអ៊ីនធឺណិតអាចស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬចែករំលែកមាតិកាមិនសមរម្យ។ សួរកូនរបស់អ្នកពីរបៀបដែលពួកគេនឹងឆ្លើយតប និងណែនាំពួកគេអំពីដំណោះស្រាយសមស្រប។ លើកទឹកចិត្តពួកគេឱ្យមានកម្លាំងចិត្តដើម្បីនិយាយថា ទេ និងស្វែងរកជំនួយ ប្រសិនបើពួកគេជួបប្រទះអ្វីមួយដែលមិនស្រួល ឬមានលក្ខណៈគំរាមកំហែង។
ដឹងពីសញ្ញាព្រមានអំពីការលួងលោម ការគំរាមផ្លូវភេទ និងការជំរិតទារប្រាក់
ទទួលបានព័ត៌មានអំពីសញ្ញាព្រមាននៃការលួងលោម និងការគំរាម។ យល់ដឹងពីកលល្បិចដែលជនខិលខូចប្រើ ដូចជាការជជែកលេងពីនេះពីនោះ ការរៀបចំអារម្មណ៍ និងការបន្ស៊ាំបន្តិចម្តងៗជាមួយប្រធានបទមិនសមរម្យ។ ប្រសិនបើកូនរបស់អ្នកទទួលបានកាដូ ឬសារពីនរណាម្នាក់នៅលើអ៊ីនធឺណិត វាចាំបាច់ណាស់ក្នុងការស៊ើបអង្កេតបន្ថែមទៀត។ ពិភាក្សាដោយបើកចំហអំពីអាកប្បកិរិយាទាំងនេះជាមួយកូនរបស់អ្នក ដោយធានាថា ពួកគេគួរតែមករកអ្នកជានិច្ច ប្រសិនបើពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ឬមានការគំរាមកំហែងកើតឡើង។1
ស្វែងរកជំនួយ និងធនធាន
ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកកំពុងត្រូវបានគេលួងលោម ឬគំរាមតាមអ៊ីនធឺណិត វាជារឿងសំខាន់ដែលត្រូវចាត់វិធានការភ្លាមៗ។ ទាក់ទងទៅស្ថាប័ន និងអង្គការដែលមានជំនាញលើសុវត្ថិភាពអនឡាញ ដូចជាអង្គការ APLE មជ្ឈមណ្ឌល NCMEC ឬ eSafety។ ស្ថាប័នទាំងនេះផ្តល់ធនធានគាំទ្រ ប្រឹក្សាផ្លូវចិត្ត និងការណែនាំសម្រាប់ឪពុកម្តាយ និងកូនៗដូចគ្នា។ ពួកគេអាចជួយក្នុងការលុបមាតិកាដែលបង្កគ្រោះថ្នាក់ចេញពីអ៊ីនធឺណិត និងជួយកូនរបស់អ្នកគេចចេញពីការយាយីផ្លូវអារម្មណ៍ ឬគ្រោះថ្នាក់ដែលពួកគេបានជួបប្រទះ។
លើកទឹកចិត្តអោយមានទម្លាប់ល្អនៅលើអនឡាញ
បន្ថែមលើកិច្ចការពារពីការគំរាមកំហែង ការលើកកម្ពស់ទម្លាប់អនឡាញប្រកបដោយសុវត្ថិភាព មានសារៈសំខាន់ដូចគ្នា។ លើកទឹកចិត្តកូនរបស់អ្នកឱ្យចូលរួមក្នុងទំនាក់ទំនងតាមអ៊ីនធឺណិតជាវិជ្ជមាន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ពិភាក្សាអំពីសារៈសំខាន់នៃតុល្យភាពនៃជីវិតឌីជីថលរបស់ពួកគេ និងពេលវេលាសម្រាប់សកម្មភាពខាងក្រៅ ការដើរកម្សាន្ត និងទំនាក់ទំនងទល់មុខជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ តាមរយៈការធ្វើជាគំរូនៃអាកប្បកិរិយាលើអ៊ីនធឺណិតប្រកបដោយភាពវិជ្ជមាន អ្នកអាចជួយកូនរបស់អ្នកបង្កើតទំនាក់ទំនងល្អជាមួយបច្ចេកវិទ្យា។