ភ្នំពេញៈ បុរសអាមេរិកាំងម្នាក់ពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ ឆ្នាំពីបទទិញពេស្យាចារកុមារច្រើននាក់ប្រព្រឹត្តនៅឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ បន្ទាប់ពីបានជំនុំជម្រះកាលពីថ្ងៃ ១៨ ខែឧសភាឆ្នាំ ២០១៦។
ជនជាប់ចោទរូបនេះឈ្មោះ Brian Naswall អាយុ ៥៣ ឆ្នាំជាអតីតប្រធានក្រុមហ៊ុនអាកាសចរណ៍ Aero Cambodia។
គាត់ត្រូវបានចាប់ខ្លួនកាលពីខែឧសភាឆ្នាំមុន។ ជននេះត្រូវបានដើមបណ្តឹង និងសាក្សីចោទថាបានប្រព្រឹត្តអំពើពេស្យាចារលើកុមារ ៩ នាក់អាយុពី ៥ ឆ្នាំដល់ ១៦ ឆ្នាំនៅម្តុំមាត់ទន្លេ និងខ្លះរស់នៅបុរីកីឡា។
ចៅក្រមជំនុំជម្រះលោក ឃី ឆៃ បានអានសេចក្តីសម្រេចថា៖ «សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសជនជាប់ចោទ Brian Naswall អាយុ ៥៣ ឆ្នាំសញ្ជាតិអាមេរិកាំងដាក់ពន្ធនាគារ ១០ ឆ្នាំពីបទធ្វើពេស្យាចារតាមមាត្រា ៣៤ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ»។ ក្រៅពីនោះក៏តម្រូវឲ្យ Brian សងជំងឺចិត្ត ៤៨ លានរៀលដល់ដើមបណ្តឹង ៦ នាក់ផងដែរដោយម្នាក់ៗត្រូវបាន ៨ លានរៀល។
ក្រោយប្រកាសសាលក្រមរួចជនជាប់ចោទបានថ្លែងថាការកាត់ក្តីនេះ មានភាពអយុត្តិធម៌ដោយសារគាត់មិនទទួលបានជំនួយផ្នែកច្បាប់ មិនមានឱកាសបង្ហាញភ័ស្តុតាង និងសាក្សីហើយគ្មានមេធាវីពេលជាប់ឃុំ។ លោកក៏បានចោទអង្គការការពារកុមារ APLE ថាជាអ្នករៀបចំធ្វើបាបគាត់។
ក្នុងលិខិតមួយដែលបានហុចឲ្យអ្នកសារព័ត៌មានក្រោយប្រកាសសាលក្រម លោក Brian បានចោទអង្គការ APLE ថាបានបង្ខំកុមារដែលថាជាជនរងគ្រោះឲ្យឆ្លើយទម្លាក់កំហុសលើរូប លោកដោយបានឲ្យលុយដល់ពួកគេ។
ប៉ុន្តែលោក ឃឹម វ៉ាន់ដូ នាយកកម្មវិធីរបស់អង្គការ APLE បានបដិសេធចំពោះការចោទនេះដោយអះអាងថា៖ «ការលើកឡើងរបស់ជនជាប់ចោទជារឿងមិនពិតហើយគ្រាន់តែជាការដោះសា ប៉ុណ្ណោះប៉ុន្តែព្យាយាមដាក់បន្ទុកលើក្មេងៗ និងអ្នកធ្វើការក្នុងរឿងក្តីនេះ»។ ជាមួយគ្នានេះអង្គការ APLE ក៏បានចេញសេចក្តីប្រកាសព័ត៌មានសាទរចំពោះសាលក្រមផងដែរប៉ុន្តែបាន សម្តែងការសោកស្តាយដោយសារតុលាការមិនបានតម្រូវឲ្យ Brian ចេញពីស្រុកខ្មែរដូចការស្នើសុំរបស់មេធាវីការពារជនរងគ្រោះ។
យ៉ាងណាក៏ដោយលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនិយាយថា៖ «ការសម្រេចសេចក្តីនេះជាអំណាចរបស់ចៅក្រមដោយមិនមានចំណុះឲ្យទៅ ភាគីខាងណាឡើយ»៕