ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ធការរំលោភបំពានផ្លូវភេទលើកុមារក្នុងបណ្តាញ អ៊ីនធើណេត សម្តែងការព្រួយបារម្ភ ខណៈរយៈពេលចុងក្រោយបទ ល្មើសរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា មានការកើនឡើង។ ការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាស្តីពី ការប្រយុទ្ធប្រឆាំងអំពីកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេត នៅថ្ងៃទី១៤ ខែកញ្ញានេះ។
នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple លោក សំលៀង សិលា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ យុវវ័យដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានកាន់តែច្រើនឡើង ។ លោកបញ្ជាក់ថា បណ្តាញសង្គមថ្មីមួយទៀតដែលទទួលបានការពេញនិយមពីក្មេងៗ គឺBingo Live ដែលបណ្តាញសង្គមទាំងនេះ នឹងធ្វើឱ្យកុមារកម្ពុជាជាច្រើននាក់ក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទលើបណ្តាញអ៊ីនធើណេត។
លោកបានឱ្យដឹងថា កុមារអាយុ ១២ឆ្នាំ បានចាប់ផ្តើមលេង bingo live ដែលធ្វើឱ្យពួកគេងាយបញ្ជូនរូបភាពផ្សេងទាំងពេលគេង ឬរូបភាពពេលកំពុងធ្វើអ្វីមួយ ហើយពេលខ្លះរហូតផ្ញើរូបអាក្រាតរបស់ខ្លូនថែមទៀងផង។
លោកថា រូបភាពអាក្រាតទាំងនោះហើយដែលធ្វើឱ្យកុមាររងគ្រោះទាំងមិនដឹងខ្លួន ហើយពួកគេអាចប្រឈមនឹងជនខិលខូចមួយចំនួនយករូបនោះដើម្បីជំរិតយក ប្រាក់ ឬបង្ខំឱ្យរួមភេទជាដើម ដើម្បីជាថ្នូរ នឹងការមិនយករូបទាំងនោះ ទៅផុសជាសារធារណៈលើបណ្តាញអ៊ីនធើណេត។
លោក សិលា បានឱ្យដឹងផងដែរថា ចាប់តាំងពីប្រទេសថៃចាត់វិធានតឹងរឹងទប់ស្កាត់ និងបង្ក្រាបទៅលើអ្នកបង្ហោះរូបអាក្រាតកុមារនៅលើបណ្តាញអ៊ីនធើ ណេត ឥឡូវនេះ ករណីនេះ បានចាប់ផ្តើមកើនឡើងនៅកម្ពុជា។ លោកថា បើទោះបីជាបញ្ហានេះមិនទាន់កើនឡើងគួរឱ្យព្រួយបារម្ភក៏ដោយ ប៉ុន្តែលោកចង់ឱ្យភាគីព័ន្ធទាំងអស់រួមគ្នាទប់ស្កាត់មិនឱ្យមានការ រំលោភបំពានទៅលើកុមារបន្តទៀត។
លោកក៏បានស្នើឱ្យក្រុមហ៊ុនបណ្តាញអ៊ីនធើណេតក្នុងស្រុក ចូលរួមដើម្បីទប់ស្កាត់ផងដែរ ព្រោះប្រសិនបើក្រុមហ៊ុនបណ្តាញអ៊ីនធើណេតទាំង នោះ មានយន្តការបិទសេវារបស់គាត់មិនឱ្យចូលក្នុងវេបសាយដែលបង្ហោះរូប អាសអាភាស នោះនឹងកាត់បន្ថយបាន។
នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមាររូបនេះ លោកបន្តថា ប្រសិនបើករណីនេះ មិនត្រូវបានដោះស្រាយទេ កុមារនឹងនៅតែបន្តរងគ្រោះ ហើយរូបភាពអាក្រាតរបស់កុមារនឹងនៅតែបន្តចែកចាយលើបណ្តាញអ៊ីនធើ ណេត ដែលធ្វើឱ្យកើនឡើងនូវការរំលោភសេពសន្ថវៈលើកុមារ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋាភិបាលបានសហការជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដោយធ្វើការងារយ៉ាងច្រើនទាក់ទងនឹងការផ្តល់ទិន្នន័យ ការស៊ើបអង្កេត ក៏ដូចជាការបង្ក្រាបទៅលើករណីអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ។
បើតាមលោក សំលៀង សិលា សម្រាប់វិធានការក្នុងការដោះស្រាយបញ្ហានេះ គឺការអប់រំទៅអ្នកពាក់ព័ន្ធផ្សេង ដូចជាឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូជាដើម ជាពិសេសកុមារខ្លួនឯង ដើម្បីឱ្យគាត់យល់ពីហានីភ័យនៃការប្រើប្រាស់បណ្តាញអ៊ីនធើណេត កុំឱ្យកុមារបង្ហាញរូបភាពអាក្រាតរបស់ខ្លួន ឬអាស័យដ្ឋានដែលខ្លួនកំពុងរស់នៅ នៅក្នុងបណ្តាញអ៊ីនធើណេតហើយយន្តការមួយទៀត គឺត្រូវតែមានច្បាប់សម្រាប់គ្រងគ្រង គឺឱ្យច្បាប់អ្នកគ្រប់គ្រងការផ្តល់សេវាអ៊ីនធើណេត ដូចច្នេះទើបអាចរកជនល្មើសដែលយករូបអាក្រាតរបស់កុមារយកទៅបង្ហោះ បាន។
លោកបន្ថែមថា ជារៀងរាល់ឆ្នាំនៅលើពិភពលោក រូបភាពរំលោភបំពានកុមារតាមបណ្តាញអ៊ីនធើ បានប្រហែល ៤ លាន ត្រូវបានលុបចេញពីអ៊ីនធើណេតុក្នុងមួយឆ្នាំៗ។ ចំណែកនៅកម្ពុជា ចាប់ពីចុងឆ្នាំ២០១៥ មក ករណីបំពានកុមារតាមបណ្តាញអ៊ីនធើណេតដែលជនរងគ្រោះបានរាយ ការណ៍មក មានចំនួន ៦៣ ហើយ ក្នុងនោះជនល្មើស ២ រូបហើយត្រូវបានចាប់ខ្លួន៕
Source: http://wmc.org.kh/archives/26517