រូបថតអាសអាភាសជាង ៤លាន ត្រូវលុបចេញ ពីប្រព័ន្ធអ៊ិនធឺណិត ជារៀងរាល់ឆ្នាំ។ ចំពោះកម្ពុជា រូបថតអាសអាភាសចំនួន ៦៣ករណី ក៏ត្រូវបានលុបចេញដែរ។ នេះបើតាមការឲ្យដឹង នៅក្នុងកិច្ចពិភាក្សា ស្តីពីការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ិនធឺណិត។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន ហើយកម្មវិធីកំពុងប្រព្រឹត្តនៅសណ្ឋាគារ Inter-Continental នៅថ្ងៃពុធ ទី ១៤ កញ្ញានេះ។
លោក សំលៀង សីលា នាយកប្រតិបត្តិសកម្មភាព ដើម្បីកុមារ Action Pour Les Enfants ហៅកាត់ថា APLE បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រូបថតអាសអាភាស ជាពិសេសរូបថតអាក្រាតកាយរបស់កុមារ ចំនួនជាង ៤លានសន្លឹក ត្រូវគេលុបចោល។ នៅក្នុងចំណោមរូបទាំងនោះ រូបថតស្រើបស្រាលពីប្រទេសខ្មែរ ចំនួន៦៣ករណី ក៏ត្រូវបានស្នើសុំឲ្យលុបចេញពីប្រព័ន្ធអ៊ិនធឺណិតផងដែរ។ ក្នុងចំណោមរូបទាំង ៦៣នោះ គឺមាន ៤១ករណី ដែលជារូបថតអាសអាភាសរបស់កូនក្មេង។
ជុំវិញរឿងនេះ អាជ្ញាធរពាក់ព័ន្ធ ក្រុមអ្នកជំនាញ និងក្រុមអ្នកធ្វើការលើសុវត្ថិភាពរបស់កុមារ មានការព្រួយបារម្ភជាខ្លាំង ខណៈពេល ដែលនិន្នាការប្រើប្រាស់អ៊ិនធឺណិតកើនឡើងយ៉ាងគំហុកនាពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ជាពិសេសគឺចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រើប្រាស់អ៊ិនធឺណិតតាមទូរសព្ទដៃ។ គួរជម្រាបថា គ្រាន់តែពលរដ្ឋខ្មែរមានចំនួន ១៥លាននាក់ ចំនួនទូរសព្ទ ដែលចរាចរណ៍ប្រើប្រាស់ គឺមានជាងដល់ទៅ ២៥លានឯណោះ។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ មន្ត្រីជំនាញខ្មែរ បានត្អូញត្អែថាលំបាកក្របួចកចាប់ជនល្មើស ព្រោះថាអ្នកប្រើប្រាស់អ៊ិនធឺណិត មានច្រើន និងមានគ្រប់ទីកន្លែង ហើយជនល្មើសនិងជនរងគ្រោះក៏អាចមាននៅគ្រប់ទិសទីផងដែរ។ មួយវិញទៀត ក្រុមហ៊ុនផ្គត់ផ្គង់សេវាបច្ចេកវិទ្យា ISP – Internet Service Provider នៅស្រុកខ្មែរ ដែលមានប្រមាណជា ៣០នោះ មិនទាន់មានវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់បទល្មើសទាំងនោះដោយម៉ឺងមាត់ហ្មត់ចត់នៅឡើយទេ។ លំបាកជាងនេះទៅទៀត ករណីរកឃើញរូបអាក្រាតផ្សេងៗហើយ អាជ្ញាធរខ្មែរ ត្រូវរាយការណ៍ទៅស្ថាប័នអន្តរជាតិជាតិ និងក្រុមហ៊ុនអន្តរជាតិ ដើម្បីសុំលុបរូបនោះចេញ ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌ ត្រូវប្រើពេលយូរ និងវែងឆ្ងាយ ព្រោះថាស្ថាប័នទាំងនោះសុទ្ធតែមានមូលដ្ឋាននៅបរទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។
ចំណែកអ្នកតំណាងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក៏បានលើកឧទាហរណ៍ចំពោះករណីបទល្មើសនាពេលកន្លងទៅ មកប្រាប់អ្នកចូលរួមពិភាក្សាឲ្យដឹងថា មានជនល្មើសខ្លះ បានប្រើប្រាស់រូបថតស្អាត ដោយក្លែងក្លាយយករូបថតអ្នកដទៃទៅប្រើ ដើម្បីទាក់ទងចិត្តជនរងគ្រោះ ហើយបោកបញ្ឆោតជនរងគ្រោះឲ្យថតរូបខ្លួនឯង ដោយអាក្រាតកាយ។ ក្រោយមក ជនល្មើសយករូបថតនោះ ដើម្បីគំរាមជនរងគ្រោះ ជាថ្នូរនឹងការរួមភេទ ឬថ្នូរនឹងលុយកាក់ជាដើម។
ប្រឈមមុខនឹងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណិត ដែលជាការព្រួយបារម្ភ អាជ្ញាធរ និងសង្គមស៊ីវិល បានមូរមាត់គ្នាថា ត្រូវតែអប់រំដល់អ្នកប្រើប្រាស់អ៊ិនធឺណិតទាំងអស់ ទាំងចាស់ទាំងក្មេង ឲ្យយល់ដឹងពីការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ បើតាមការដាស់តឿនរបស់អ្នកជំនាញ, អ្នកប្រើប្រាស់អ៊ិនធឺណិត ត្រូវប្រុងប្រយ័ត្នចំពោះប្រើប្រាស់ Video call, Webcam, Bigo Live, Facebook និងបណ្តាញសង្គមនានា ថាកុំចេះតែដាក់រូបថតមិនសមរម្យ ថតបង្ហាញឬបញ្ចេញភាពសិចស៊ី លិចលើលិចក្រោម ឬក៏រូបថតអាក្រាតននលគោក ហើយបង្ហោះផ្សាយតាមបណ្តាញសង្គមនោះឡើយ ព្រោះថាវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួន។
យ៉ាងណាក៏ដោយក្តី ប្រសិនបើអ្នកប្រើប្រាស់អ៊ិនធឺណិត ប្រទះឃើញរូបថត ឬវីដេអូអាសអាភាស ដែលមិនសមរម្យ គេត្រូវជូនដំណឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ ក្រសួងមហាផ្ទៃ ឬក៏រាយការណ៍អង្គការសកម្មភាពដើម្បីកុមារ តាមរយៈគេហទំព័រ www.internethotlinecambodia.org ដោយគ្រាន់តែចម្លងតំណភ្ជាប់ copy Link របស់រូបថតមិនសមរម្យនោះ ដាក់ចូល រួចចុចបញ្ចូន ឬក៏ហៅទៅទូរសព្ទលេខ 1288 ឬ 092 311 511 ។ ចំពោះរូបថតអាសអាភាសក្នុងហ្វែសបុក អ្នកប្រើប្រាស់អ៊ិនធឺណិត ក៏អាចរាយការណ៍ទៅក្រុមហ៊ុនហ្វែសបុកផ្ទាល់ ឬប្រាប់ទៅស្ថាប័នខាងលើនេះក៏បាន៕
Source: http://km.rfi.fr/cambodia/-APLE-RFI-Oudom-14-09-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2016-09-14