កត្តាបង្កហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ

Topic Progress:

ខណៈពេល​​កុមារណាម្នាក់ដែល​ប្រើប្រាស់អ៊ីនធឹណិតមានហានិភ័យខ្លាំងអំពីអំពោះ​​កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ក៏មានកត្តាហានិភ័យដទែទៀតដែលបង្កឲ្យកុមារ​ធ្លាក់ខ្លួនជាជនរងគ្រោះដោយការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីន​៖

១. ភាពងាយរងគ្រោះ​

ភាពងាយរងគ្រោះរបស់កុមារគឺជាកត្តាចំបងដែលបង្កឲ្យកុមារធ្លាក់ខ្លួនជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ កុមារដែលងាយរងនូវការរំលោភបំពានផ្លូវភេទក្រៅប្រព័ន្ធអីនធឺណិតក៏ងាយនឹងទទួលរងការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទនៅពេលពួកគេអនឡាញ​​ផងដែរ។ កុមារដែលងាយរងគ្រោះ ក៏ងាយនឹងត្រូវបានល្បួងដោយជនល្មើសដែលបញ្ឆោតពួកគេដោយការកេងប្រវ័ញ្ចសេចក្តីត្រូវការខាងផ្លូវចិត្តនិងរាងកាយ។ កុមារងាយរងគ្រោះអាចទទួលរងគ្រោះពី៖

  • ភាពក្រីក្រ
  • ការធ្វេសប្រហែស
  • ពិការភាពរាងកាយ / ផ្លូវចិត្ត
  • តម្រូវការអប់រំពិសេស
  • ជំងឺធ្លាក់ទឹកចិត្ត ភាពគ្មានសុវត្ថិភាពផ្នែកអារម្មណ៍
  • កុមារដែលបោះបង់ការសិក្សា កុមារដែលត្រូវបានគេមើលងាយ ឬជាកុមារដែលមានបញ្ហានៅផ្ទះ។ ល។
  • កុមារដែលធ្លាប់រងគ្រោះដោយការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ មិនថាតាមប្រព័ន្ធអ៊ីធឺណិត​ឬក្រៅប្រព័ន្ធអ៊ីនធឺណិត ក៏កាន់តែងាយរងគ្រោះផងដែរ ហើយពួកគេមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះ។

ស្ថានភាពទាំងអស់ខាងលើនេះបង្កើនភាពងាយរងគ្រោះដល់កុមារនិងធ្វើឱ្យពួកគេងាយនឹងប្រឈមនឹងការលួងលោម និងហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត។

២. យេនឌ័រនៃជនរងគ្រោះ

​គេដឹងថាការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ​​ក្រៅប្រព័ន្ធអ៊ីនធឺណិត​ប៉ះពាល់ស្ទើរតែស្មើគ្នារវាងក្មេងប្រុស និងក្មេងស្រី។​ ខណ:ពេលដែលករណី​កេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអ៊ីនធឺណិត មានភាគច្រើនជាកុមារី ។ យោងតាមទិន្នន័យនៃការសិក្សាស្រាវជ្រាវ​លើរូបភាព​ និងសម្ភារៈកេងប្រវ័ញ្ចផ្លូវភេទលើកុមារ CSEM ​ប្រហែល ៦៥ ភាគរយនៃរូបភាព និងសម្ភារៈកេងប្រវ័ញ្ចផ្លូវភេទលើកុមារ CSEM យ៉ាងហោចណាស់មានជនរងគ្រោះម្នាក់ជាកុមារី ខណ:ពេលដែល៣៥ ភាគរយនៃ CSEM ​ជារូបភាពកុមារា។

ទោះបីជាក្មេងស្រីគឺជាជនរងគ្រោះសំខាន់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត OCSE ក៏ដោយ ក៏ភាគរយនៃក្មេងប្រុសដែលរងផលប៉ះពាល់ពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិរនៅតែមានចំនួនច្រើន ហើយមិនគួរត្រូវបានគេមិនយកចិត្តទុកដាក់ឡើយ។ លើសពីនេះទៀត នៅពេលដែលមានក្មេងប្រុសជាជនរងគ្រោះ នោះបទល្មើសផ្លូវភេទប្រឆាំងនឹងពួកគេមានទំនោរទៅរកការមានអំពើហឹង្សានិងចរឹតអំពើឃោរឃៅ​។

៣. អាយុ

អាយុជាមធ្យមរបស់កុមារដែលត្រូវបានរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិតមានការថយចុះជាបន្តបន្ទាប់ ហើយវាហាក់ដូចជាមានតម្រូវការកាន់តែច្រើនពីជនល្មើសចំពោះរូបភាព និងសម្ភារៈកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ​ដែលរួមបញ្ជូលទាំងកុមារតូចៗនិងសូម្បីតែទារក។ និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះបានធ្វើឲ្យមានតម្រូវការកាន់តែខ្លាំងឡើងជាបន្ទាន់សម្រាប់ការចាត់វិធានការណ៍ដោះស្រាយ និងការលើកកម្ពស់ការយល់ដឹងដើម្បីបញ្ឈប់អំពើឃោរឃៅទាំងនេះកុំឲ្យកើតឡើង។ ការស្រាវជ្រាវលើរូបភាព និងសម្ភារៈកេងប្រវ័ញ្ចផ្លូវភេទលើកុមារ CSEM បានបង្ហាញថា ទោះបីជាកុមារគ្រប់វ័យជាជនរងគ្រោះនៃរូបភាព និងសម្ភារៈកេងប្រវ័ញ្ចផ្លូវភេទលើកុមារ CSEM ក៏ដោយ ក៏ភាគច្រើននៃករណីនេះ (៥៦,២%) កើតមានលើកុមារដែលមានអាយុមុនពេញវ័យ និង ៤,៣% បានបង្ហាញពីកុមារតូចៗ (ទារកនិងកុមារតូចដែលទើបនឹងចេះដើរ) ។ នេះទោះបីមានជំនឿជាទូទៅថា ភាគច្រើនជាកុមារវ័យចំណាស់ដែលរងផលប៉ះពាល់ពី អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត OCSE ។ រូបភាព និងសម្ភារៈធ្វើអាជីវកម្មផ្លូវភេទលើកុមារ​ក្រៅពីនេះ យើងឃើញមានកុមារដែលជិតឈានចូលដល់ភាពពេញវ័យមានចំនួន (២៥,៤%) និងកុមារដែលមានអាយុច្រើន (១៤,១%) ។​

៤. ឥរិយាបទលើប្រព័ន្ធអ៊ីនធឺណិតរបស់កុមារ

កុមារត្រូវការការណែនាំពីមនុស្សពេញវ័យចំពោះអាកប្បកិរិយា​ដែលមានសុវត្ថិភាព ដើម្បី​ប្រាកដថាពួកគេដឹងលទ្ធផលនៃទង្វើរបស់ពួកគេ។ វាមិនខុសគ្នាទេនៅក្នុងពិភពអនឡាញ។ ការអនុវត្ត​សកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន ដែលបច្ចុប្បន្នត្រូវបានធ្វើឡើងដោយកុមារ ធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់នៃ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត៖

  • អនុវត្តតាមយ៉ាងងាយស្រួលតាមតម្រូវការលើប្រព័ន្ធអ៊ីនធឺណិត

ខណៈដែលជនល្មើសផ្លូវភេទកុមារខ្លះ បន្លំខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត កុមារខ្លះដឹងនិងយល់ថាពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សធំម្នាក់។ ​មនុស្សពេញវ័យប្រើកុមារឲ្យធ្វើអ្វីដែលគេចង់បាន។ វាពិតជាលំបាកណាស់សម្រាប់កុមារក្នុងការបដិសេធនូវសំណើររបស់មនុស្សពេញវ័យ ឬគិតថាពួកគេថែមទាំងមានគំនិតយោបល់នៅក្នុងបញ្ហានេះផងដែរ។ នៅពេលមនុស្សពេញវ័យចូលទៅជិតកុមារម្នាក់ សូម្បីតែនៅពេលអនឡាញ កុមារអាចមានអារម្មណ៍ថាត្រូវបានបង្ខំឱ្យធ្វើដូចទៅតាមអ្វីដែលពួកគេនិយាយ ហើយពួកគេនឹងមិនដឹងថាពួកគេអាចបដិសេធបានទេ។ កង្វះការយល់ដឹងអំពីលទ្ធផលអវិជ្ជមាននៃសកម្មភាពរបស់ពួកគេ ក៏បង្កើនលទ្ធភាពនៃការធ្វើដូចទៅតាមអ្វីដែលបានស្នើសុំ។

  • ចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត

ព័ត៌មានណាមួយនៅលើប្រព័ន្ធអ៊ីនធឺណិតអាចទៅដល់អ្នកដែលមិនចង់ទទួលបានដែរ។ កុមារទំនងជាមិនយល់ពីប្រភេទព័ត៌មាន​ណាដែលមានលក្ខណៈផ្ទាល់ខ្លួន​ ហើយមិនគួរលាតត្រដាងឱ្យអ្នកណាម្នាក់បានឃើញឡើយ។ ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនអាចត្រូវបានប្រើប្រាស់ដោយជនល្មើសផ្លូវភេទកុមារ ដើម្បីស្វែងយល់បន្ថែមទៀតអំពីកុមារនោះ និងងាយបោកបញ្ឆោតកុមារ។

  • មិនយល់ពីសារៈសំខាន់នៃការការពារលេខសម្ងាត់

លេខសម្ងាត់ត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកព័ត៌មានរបស់ម្ចាស់គណនី នៅលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងអាចចូលប្រើបានសម្រាប់តែម្ចាស់គណនីនោះប៉ុណ្ណោះ។ នៅពេលមានកង្វះការយល់ដឹងអំពីសំខាន់នៃការរក្សាព័ត៌មានផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព នោះលេខសម្ងាត់ដែលពួកគេនឹងប្រើមានទំនោរខ្សោយ ហើយពួកគេក៏នឹងចែករំលែកលេខកូដសម្ងាត់របស់ពួកគេជាមួយអ្នកដទៃយ៉ាងងាយស្រួលដែរ។

  • ធ្វើអន្តរកម្មយ៉ាងងាយស្រួលជាមួយមនុស្សចម្លែកតាមប្រព័ន្ធអ៊ីនធឺណិតនិងធ្វើជាមិត្តរបស់ពួកគេ

ការជួបមនុស្សថ្មីៗតាមតាមប្រព័ន្ធអ៊ីនធឺណិត គឺជាសេចក្តីរំភើបរីករាយមួយសម្រាប់កុមារ។ ខណៈដែលវាអាចមានភាពវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវជីវិតសង្គមរបស់កុមារ និងអនុញ្ញាតឱ្យមានមិត្តភាពថ្មី ​វាក៏មានហានិភ័យខ្ពស់ផងដែរនៅពេលដែលមនុស្សមិនល្អកំពុងព្យាយាមរាប់អានកុមារ។ កុមារត្រូវទទួលបាននូវមធ្យោបាយស្តីពីវិធីគិតពិចារណាលើជនចម្លែកមុខដែលពួកគេជួបតាមប្រព័ន្ធអ៊ីនធឺណិត និងថាតើវត្រូវអនុវត្តវិធីណាដែលមានសុវត្ថិភាពបំផុតដើម្បីទាក់ទងជាមួយពួកគេ។

  • បំណងប្រាថ្នាខ្ពស់ដើម្បីបង្កើនប្រជាប្រិយភាពតាមប្រព័ន្ធអ៊ីនធឺណិត

ជាធម្មតាកុមារឲ្យតម្លៃខ្លាំងដល់ប្រជាប្រិយភាពតាមប្រព័ន្ធអ៊ីនធឺណិត។ ដើម្បីទទួលបាន“ ការចូលចិត្ត” ឬអ្នកតាមមើលកាន់តែច្រើន ពួកគេនឹងមានទំនោរបង្កើនមិត្តភក្តិ និងអ្នកតាមមើលតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែមទៀត ដោយមិនខ្វល់ថាពួកគេជានរណាឡើយ។ កត្តានេះបង្កឱ្យជនចម្លែកមុខតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានលទ្ធភាពចូលជិតកុមារ និងទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដែលជាការបង្កើនការប្រឈមនឹងហានិភ័យ។

  • ការថតរូបស៊ែលហ្វីជាច្រើនហើយបង្ហោះវាលើប្រព័ន្ធអ៊ីនធឺណិត

នៅពេលដែលរូបភាពមួយត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត វាពិតជាពិបាកក្នុងការដកចេញ ហើយវាងាយនឹងត្រូវបាន ចម្លងទុក និងចែកចាយ ដែលធ្វើឱ្យគេមិនអាចដឹងថានរណាអាចចូលមើលបាន។ ទោះបីនៅពេលរូបភាពនោះ មិនមានលក្ខណៈបែបបង្ហាញផ្លូវភេទពួកគេក៏ដោយ ក៏វាជាការបង្កហានិភ័យដល់កុមារ។ ជនល្មើសតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានគេដឹងថាបានប្រើប្រាស់កម្មវិធីកែរូបភាព ដើម្បីធ្វើឱ្យរូបថតមើលទៅដូចជាកុមារកំពុងចូលរួមក្នុងឥរិយាបទផ្លូវភេទ ហើយប្រើវាដើម្បីជំរិតកុមារ។

  • ចុចលើតំណដែលមិនស្គាល់ឬគេហទំព័រអាសអាភាស

​​គេដឹងថា ជនល្មើសផ្លូវភេទកុមារ ​បង្ហាញរូបភាពភាពអាសអាភាសទៅកុមារយ៉ាងសកម្ម ពេលខ្លះកុមារងាយនឹងឃើញរូបអាសអាភាសនោះដោយខ្លួនឯង មិនថាដោយចៃដន្យ ឬដោយមិនចង់ដឹងចង់ឃើញលើបញ្ហានេះ។

វាជាការសំខាន់ដែលត្រូវចងចាំថា វាជារឿងធម្មតាទេដែលកុមារតែងចង់ដឹងចង់ឃើញអំពីទំនាក់ទំនងផ្លូវភេទ។ ទោះបីជាយ៉ាងណា វាជាតួនាទីរបស់អ្នកក្នុងនាមជាអ្នកអនុវត្តធ្វើការជាមួយកុមារផ្ទាល់ ដើម្បីធានាថាកុមារស្វែងយល់ច្បាស់ថា មិនថាពួកគេត្រូវគេឲ្យមើលឃើញសម្ភារៈអាសអាភាសយ៉ាងណាក៏ដោយ វាបង្កើនហានិភ័យនៃ​ការកេងប្រវ័ញ្ចផ្លូវភេទដោយអ្នកដទៃ។

ជួយកុមារឱ្យយល់ថារូបអាសអាភាសមិនគួរយកជាមធ្យោបាយដើម្បីរៀនអំពីទំនាក់ទំនងផ្លូវភេទទេ ហើយវាបង្ហាញពីទំនាក់ទំនងផ្លូវភេទមិនពិតដែលជំរុញឱ្យមានការរំលោភបំពាននិងអំពើហឹង្សា ហើយមិនគួរធ្វើត្រាប់តាមឡើយ ជាពិសេសចំពោះកុមារ។ ការស្វែងយល់អំពីទំនាក់ទំនង និងការយល់ព្រម ល្អ គឺជាគន្លឹះក្នុងការការពារកុមារពីការធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ទាំងនេះ។​

៥. ការប្រើប្រាស់វេទិកាអនឡាញជាក់លាក់

ខណៈដែលការប្រើប្រាស់វេទិកាអនឡាញណាមួយអាចធ្វើឱ្យកុមារប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឹណិត ក៏មានវេទិកាពេញនិយមមួយចំនួនទៀតដែលកុមារប្រើប្រាស់នៅពេលបច្ចុប្បន្ន ដែលបង្កភាពងាយស្រួលដល់ជនល្មើសផ្លូវភេទកុមារ​ក្នុងការចូល​យកព័ត៌មានអំពីកុមារ​។ ជនល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនឹងទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់វេទិកាទាំងនេះរបស់កុមារ ដើម្បីផ្តួចផ្តើមទំនាក់ទំនងជាមួយកុមារ ស្វែងយល់បន្ថែមអំពីពួកគេ និងប្រើប្រាស់វាក្នុងកំឡុងពេលដំណើរការលួងលោម​របស់ពួកគេ។ នៅក្នុងប្រទេសកម្ពុជា វេទិកាអនឡាញពេញនិយមដែល​កុមារប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតរួមមាន៖

  • វេទិកាបណ្តាញទំនាក់ទំនង​សង្គម ដូចជា ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម (Instagram) កម្មវិធីឆាតផ្ញើសារតាម Facebook, Line និងកម្មវិធី Skype​ គឺជាវេទិកាដែលមានហានិភ័យខ្លាំងបំផុតសម្រាប់កុមារតាមប្រព័ន្ធអ៊ីនធឺណិត។

ទាំងនេះគឺជាវេទិកាសំខាន់ៗមួយចំនួនដែលត្រូវបានប្រើប្រាស់ដោយជនល្មើសដើម្បីលួងលោម​កុមារ ក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ បញ្ជូនរូបភាព និងសម្ភារៈមិនសមរម្យ និងស្នើសុំឱ្យកុមារផ្ញើរូបភាព​ និងសម្ភារៈរំលោភបំពានផ្លូវភេទកុមារមកវិញ។

  • សហគមន៍​ហ្គេមអនឡាញ (Online Game Communities)៖ក្រៅពីការលេងហ្គេមអនឡាញ​ផ្ទុកនូវអំពើហឹង្សានិងខ្លឹមសារផ្លូវភេទដែលមិនសមរម្យសម្រាប់កុមារ ការប្រាស្រ័យទាក់ទងតាមរយៈវេទិកាទាំងនេះអនុញ្ញាតឱ្យជនល្មើសទាក់ទងកុមារ ប្រមូលព័ត៌មាននិងទទួលបានការជឿទុកចិត្តមុនពេលផ្តល់ការទំនាក់ទំនងតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតឬ ដោយការជួបផ្ទាល់។

ហ្គេមភាគច្រើនតម្រូវឱ្យអ្នកលេងបង់ប្រាក់ផងដែរ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ជំពាក់បំណុល ជាពិសេសចំពោះកុមារដែលមិនមានប្រាក់សម្រាប់ចំណាយលើចំណុចទាំងនេះ។ នេះហើយដែលជំរុញឱ្យកុមារស្វែងរកវិធីផ្សេងទៀតដើម្បីខ្ចីប្រាក់ ដែលធ្វើឲ្យពួកគេធ្លាក់ទៅក្នុងស្ថានភាពងាយរងគ្រោះដែលជនល្មើសអាចកេងប្រវ័ញ្ចបាន។

ហ្គេមអនឡាញពេញនិយមនៅកម្ពុជារួមមាន៖ Rules of survivor, AK2, PUBG និង GTA 5 ។

  • កម្មវិធីផ្សាយផ្ទាល់​មានផ្នែកដែលអ្នកផ្សាយវីដេអូអាចនិយាយទៅកាន់អ្នកស្តាប់របស់ពួកគេ ឬថែមទាំងអាចផ្ញើរបស់របរដែលអាចប្តូរជាឥណទានរូបិយវត្ថុបាន។ ហានិភ័យចំបងរួមមានការចុចប៉ះទៅនឹងរូបភាពបែបផ្លូវភេទ ភាពអាក្រាតនិងរូបភាពអាសអាភាសដែលមិនសមរម្យនិងការប្រើកម្មវិធីរបស់កុមារដើម្បីចាក់ផ្សាយរូបភាព ឬសម្ភារៈកេងប្រ​វ័ញ្ចផ្លូវភេទកុមារ  ដើម្បីជាថ្នូរនឹងការបង់ប្រាក់ហើយផ្ញើវាទៅអ្នកដទៃផ្សេងទៀត។ កម្មវិធីផ្សាយផ្ទាល់ដែលកំពុងពេញនិយមរួមមាន៖ TikTok, Bigo Live និង YouTube ។

សូមមើលវីដេអូនេះស្តីពីការកេងប្រវ័ញ្ចលើកុមារនិងការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត CEOP ដើម្បីស្វែងយល់បន្ថែមអំពីហានិភ័យដែលកុមារប្រឈមមុខនៅលើប្រព័ន្ធអ៊ីនធឺណិត។

ត្រូវចងចាំថា កម្មវិធីនិងវេទិកាតាមប្រព័ន្ធអ៊ីនធឺណិតមានការផ្លាស់ប្តូរនិងរីកចំរើនទៅមុខឥតឈប់ឈរដែលបង្កផលវិបាកក្នុងការតាមដាននិងដឹងពីអ្វីដែលពួកគេធ្វើលើប្រព័ន្ធអ៊ីនធឺណិត។ ព្យាយាមផ្សាភ្ជាប់ក្នុងការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ និងរក្សាបច្ចុប្បន្នភាពទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalise and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.