១.៤ ហានិភ័យសំខាន់ៗនៃវេទិកាអនឡាញ

Topic Progress:

ភាគច្រើននៃសកម្មភាពតាមអនឡាញរបស់យើងតែងផ្តោតលើគេហទំព័រ និងកម្មវិធីជាក់លាក់មួយចំនួន។ គេហទំព័រ និងកម្មវិធីទាំងនោះរួមមាន បណ្តាញទំនាក់ទំនងសង្គម និងវេទិកាទំនាក់ទំនងផ្សេងៗទៀត ដូចជា Facebook Instagram និង Line កម្មវិធីផ្សាយផ្ទាល់ដូចជា YouTube និង TikTok កម្មវិធីហ្គេមអនឡាញមានដូចជា Rules of Survival ឬ Player Unknown’s Battleground ជាដើម។

ខណៈពេលដែលកម្មវិធីទាំងអស់នេះនាំមកនូវមានភាពរីករាយ និងការកម្សាន្ត សូមក្រលេកមើលនូវហានិភ័យចំបងៗដែលអាចកើតមាន ដូច្នេះយើងអាចបន្តប្រើវាបានដោយសុវត្ថិភាព។

ហានិភ័យ #1: ការមើលឃើញមាតិកាមិនសមរម្យ

ទម្រង់ និងកម្មវិធីអនឡាញសំខាន់ៗ – បណ្តាញទំនាក់ទំនងសង្គម វេទិកាទំនាក់ទំនង កម្មវិធីស្វែងរកតាមគេហ ទំព័រ កម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធឺណិត

គេហទំព័រ និងកម្មវិធីជាច្រើនអាចឱ្យអ្នកប្រើប្រាស់ចូលទៅកាន់តំណភ្ជាប់ រូបភាព និងវីដេអូដែលមានមាតិកាមិនសមរម្យ និងអាចបង្កហានិភ័យបាន។ មាតិកា ឬខ្លឹមសារមិនសមរម្យទាំងនោះអាចត្រូវបានចែករំលែកដល់អ្នកដោយមនុស្សដទៃតាមរយៈការជជែកជាលក្ខណៈឯកជន ឬតាមបណ្តាញសង្គម ឬអ្នកអាចចូលទៅកាន់វាដោយខ្លួនឯង។ មាតិកាមានលក្ខណៈមិនសមរម្យនេះអាចមាននូវរូបភាពអាក្រាត រូបភាពបែបអាសអាភាស និងរូបភាពហឹង្សាផ្លូវភេទ ដែលអាចបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង និងបង្កើនហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ។

អ្វីដែលអ្នកអាចធ្វើបាន – ជៀសវាងការបើក ឬចុចលើតំណភ្ជាប់ និងរូបភាពពីប្រភពដែលមិនស្គាល់ និងជៀសវាងការទាក់ទងជាមួយមនុស្សដែលព្យាយាមផ្ញើសម្ភារៈដូចរៀបរាប់ខាងលើដល់អ្នក។ ប្រសិនបើជនណាម្នាក់កំពុងមានចេតនាបង្ហាញអ្នកនូវមាតិកាបែបនេះ នោះមានន័យថាពួកគេកំពុងនាំអ្នកឲ្យជួបនូវហានិភ័យ។ នេះមិនមែនជាឥរិយាបទរបស់មិត្តពិតទេ!

ហានិភ័យ # 2: ស្នើសុំឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទតាមអនឡាញ

វេទិកា និងកម្មវិធីអ៊ីនធឺណេតសំខាន់ៗ – កម្មវិធីផ្សាយផ្ទាល់តាមអនឡាញ វេទិកាទំនាក់ទំនង បណ្តាញទំនាក់ទំនងសង្គម

ទោះបីជាអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សចម្លែកតាមអ៊ីនធឺណិត ឬជាមួយមនុស្សដែលអ្នកបានស្គាល់ និងទុកចិត្តក៏ដោយ ក៏មានមនុស្សមួយចំនួនដែលអ្នកទាក់ទងអាចនាំឲ្យយើងជួបនូវមាតិកាមានហានិភ័យដែរ។ វាអាចជាការស្នើសុំនូវការចែករំលែករូបថតអាក្រាតរបស់អ្នក ឬការនាំឲ្យអ្នកចូលរួមក្នុងសកម្មភាពផ្លូវភេទក៏មាន។ ចូរចងចាំថា- អ្វីដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិត មិនអាចដកចេញ ឬលុបចេញពីអ៊ីនធឺណិតបានទាំងស្រុងទេ! ហើយជនណាម្នាក់ដែលស្នើសុំឱ្យអ្នកចូលរួមក្នុងសកម្មភាពផ្លូវភេទតាមអ៊ីនធឺណិតកំពុងនាំឲ្យអ្នកមានគ្រោះថ្នាក់។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឱ្យចូលរួមក្នុងសកម្មភាពដែលអាចធ្វើឱ្យអ្នកឈឺចាប់នោះទេ ហើយការធ្វើដូច្នេះត្រូវចាត់ទុកថាជាបទឧក្រិដ្ឋ ជាពិសេសនៅពេលដែលពួកគេផ្តល់ឲ្យអ្នកនូវអ្វីមួយជាថ្នូរ (ឧទាហរណ៍ ប្រាក់ អំណោយផ្សេងៗជាដើម)។

អ្វីដែលអ្នកអាចធ្វើបាន – ធ្វើការបិទចោល និងរាយការណ៍អំពីមនុស្សដែលយាយីអ្នក ផ្ញើសំណើមិនសមរម្យមកអ្នក អាចជួយអ្នកឱ្យមានសុវត្ថិភាព។ ប៉ុន្តែពេលខ្លះទង្វើមិនល្អទាំងនោះអាចមកពីមនុស្សដែលអ្នកយកចិត្តទុកដាក់ ស្រឡាញ់ដូចជាពីមិត្តប្រុស ឬមិត្តស្រីរបស់អ្នក។ ចូរពន្យល់ពួកគេថាសកម្មភាពតាមអ៊ីនធឺណិតទាំងនេះអាចបង្កគ្រោះថ្នាក់ ហើយពួកគេមិនគួរប្រព្រឹត្តទង្វើគ្រោះថ្នាក់នោះឡើយ។

ហានិភ័យ #3: ការប្រាស្រ័យទាក់ទងប្រកបដោយគ្រោះថ្នាក់ជាមួយជនចម្លែកតាមអនឡាញ

ទម្រង់ និងកម្មវិធីអ៊ីនធឺណេតសំខាន់ៗ – បណ្តាញទំនាក់ទំនងសង្គម វេទិកាទំនាក់ទំនង កម្មវិធីហ្គេមអនឡាញ កម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធឺណិត

ទម្រង់ និងកម្មវិធីអ៊ីនធឺណិតខាងលើ ជាមធ្យោបាយដែលមនុស្សចម្លែកតាមអ៊ីនធឺណិតប្រើដើម្បីទំនាក់ទំនងជាមួយកុមារ។ ជនមួយចំនួនក៏ឆ្លៀតយកប្រយោជន៍ពីភាពអនាមិកនៃបណ្តាញអ៊ីនធឺណិត មកកុហក និងប្រឌិតអំពីអត្តសញ្ញាណរបស់គេ។ ការលួងលោមតាមអ៊ីនធឺណិតតែងកើតមានតាមរយៈកម្មវិធីអ៊ីនធឺណិត។ ជនទាំងនោះប្រើព័ត៌មានដែលពួកគេទទួលបានដើម្បីកសាងទំនុកចិត្តលើកុមារ ធ្វើជាមិត្តភក្តិតាមអ៊ីនធឺណិតជាមួយកុមារ និងឈានទៅដល់ការកេងប្រវ័ញ្ចកុមារ។

អ្វីដែលអ្នកអាចធ្វើបាន – ជៀសវាងការទទួលយកជនចម្លែកធ្វើជាមិត្តភក្តិតាមអ៊ីនធឺណិត កំណត់ការប្រាស្រ័យទាក់ទងជាមួយជនចម្លែកតាមអ៊ីនធឺណិត កុំចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកដទៃ បិទចោល និង/ឬរាយការណ៍ពីមនុស្សដែលធ្វើសកម្មភាពមិនសមរម្យបែបនេះ។

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalize and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.