១.១ ការចែករំលែកព័ត៌មានតាមអនឡាញ

Topic Progress:

តើអ្នកដឹងទេថាអ្វីៗដែលអ្នកចែកចាយតាមអនឡាញអាចមើលឃើញដោយសាធារណជនយ៉ាងងាយស្រួលទោះបីជាវាត្រូវបានចែករំលែកជាលក្ខណៈឯកជនក៏ដោយ? ឬពេលដែលអ្វីមួយត្រូវបានបង្ហោះតាមអនឡាញ វាស្ទើរតែមិនអាចលុបចេញវិញបានទេ?

ការធ្វើឱ្យមិត្តភក្តិរបស់អ្នកទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីអ្វីដែលអ្នកធ្វើគឺជាការសប្បាយរីករាយ និងបន្តទំនាក់ទំនងសង្គមរបស់អ្នកប្រសើរ។ ប៉ុន្តែអ៊ីនធឺណិតមិនមែនជាកន្លែងឯកជននោះទេ។ មានរឿងមួយចំនួនដែលអ្នកគួរគិតមុនពេលចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬរូបភាពតាមអ៊ីនធឺណិត។

ប្រការគួរចងចាំអំពីការចែករំលែកតាមអនឡាញ៖

ប្រការទី១៖ –គិតអោយបានពីរដងមុនពេលអ្នកបង្ហោះតាមអ៊ីនធឺណិត! ប្រសិនបើអ្នកគិតថាអ្នកមិនមានអារម្មណ៍សុខស្រួលជាមួយនឹងរូបថតដែលនរណាម្នាក់អាចមើលឃើញ យកល្អកុំបង្ហោះវា!

នៅលើអ៊ីនធឺណិត ការធ្វើអ្វីមួយជាលក្ខណៈឯកជនមានអត្ថន័យខុសគ្នាពីពិភពខាងក្រៅអ៊ីនធឺណិត។

ចូរអ្នកស្រមៃថាអ្នកនៅក្នុងបន្ទប់របស់អ្នកហើយមិត្តរបស់អ្នកនៅជាមួយអ្នកហើយអ្នកបង្ហាញរូបភាពរបស់អ្នកដល់ពួកគេ។ ក្រៅពីអ្នកទាំងពីរ គ្មាននរណាម្នាក់នៅក្នុងបន្ទប់ទេ ហើយអ្នកដឹងថាមិត្តរបស់អ្នកគឺជាមនុស្សតែម្នាក់គត់ដែលបានឃើញរូបភាពនោះ។

ទោះយ៉ាងណាក៏ដោយ នៅលើអ៊ីនធឺណិត អ្វីៗប្រែជាខុសគ្នា។ ប្រសិនបើអ្នកផ្ញើរូបភាពទៅកាន់មិត្តរបស់អ្នកទោះបីវាស្ថិតក្នុងការជជែកជាលក្ខណៈឯកជនរវាងអ្នកទាំងពីរក៏ដោយ អ្នកមិនអាចប្រាកដថាមិត្តរបស់អ្នកគឺជាមនុស្សតែម្នាក់ដែលបានឃើញវានោះទេ។ រូបថតអាចថតចម្លង ឬបញ្ជូនទៅអ្នកផ្សេងទៀតបានយ៉ាងងាយស្រួល ហើយត្រូវបានចែកចាយនៅលើអ៊ីនធឺណិត។ ទោះបីជាអ្នកលុបរូបថតនោះចេញ ក៏អ្នកផ្សេងទៀតអាចមានរូបថតនោះរួចទៅហើយ និងអាចធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រងលើរូបថតនោះ។

ប្រការទី២៖ – ប្រសិនបើវាជាព័ត៌មានផ្ទាល់ខ្លួន សូមរក្សាទុកវាជាលក្ខណៈបុគ្គល! ហើយរក្សាវានៅក្រៅអ៊ីនធឺណិត

រូបថតមិនមែនជារឿងតែមួយទេដែលបង្កអោយមានហានិភ័យ។ រាល់ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានចែកចាយតាមអនឡាញអាចត្រូវបានទាញយកផលប្រយោជន៍ពីមនុស្សមិនល្អ។ មានមនុស្សម្នាតាមអនឡាញដែលប្រើប្រាស់ព័ត៌មានដែលពួកគេប្រមូលបានពីកុមារដើម្បីកេងប្រវ័ញ្ចពួកគេ។ ព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានប្រើដើម្បីដឹងពីចំណង់ចំណូលចិត្ត និងទីតាំងរបស់មនុស្ស ហើយធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការទាក់ទងពួកវា។

មានជនល្មើសតាមអនឡាញដែលឆ្លៀតយកផលប្រយោជន៍ពីស្ថានភាពនេះ និងពីកុមារដែលបង្ហោះព័ត៌មានផ្ទាល់ខ្លួន ដើម្បីស្វែងយល់បន្ថែមពីពួកគេ និងទទួលបានការជឿទុកចិត្ត។ ពួកគេអាចបន្លំខ្លួនជាអ្នកដទៃដើម្បីធ្វើឱ្យអ្នកជឿថាពួកគេគួរឱ្យទុកចិត្ត ហើយថាអ្នកអាចធ្វើជាមិត្តរបស់ពួកគេបាន។ បន្ទាប់មក ពួកគេអាចប្រើប្រាស់ការទាក់ទងនេះសម្រាប់គោលបំណងផ្ទាល់ខ្លួន និងកេងប្រវ័ញ្ច។

ដំណើរការនេះហៅថាការលួងលោម និងជាដំណើរការធម្មតាក្នុងចំណោមជនល្មើសផ្លូវភេទលើកុមារ។ ដោយសារអនឡាញងាយស្រួលណាស់សម្រាប់មនុស្សម្នាក់ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ ហើយការចែករំលែកព័ត៌មានរវាងមនុស្សចម្លែកគឺជារឿងធម្មតាជាងក្រៅប្រព័ន្ធអ៊ីនធឺណេត។ ជនល្មើសផ្លូវភេទលើកុមារយល់ឃើញថាវាជាវេទិកាងាយស្រួលក្នុងការលួងលោមកុមារ។

ប្រការទី៣៖ – សូមកុំរួមចំណែកក្នុងស្ថានភាពដែលនរណាម្នាក់ផ្សេងទៀតអាចទទួលអន្តរាយ! សកម្មភាពរបស់អ្នកនៅលើអ៊ីនធឺណិតអាចមានឥទ្ធិពលលើអ្នកដទៃផងដែរ

មេរៀនសំខាន់មួយទៀតអំពីការចែករំលែករូបថតតាមអនឡាញគឺថា វាមិនត្រឹមតែជារូបថតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេដែលអ្នកត្រូវគិត។ ត្រូវប្រាកដថាអ្នកមិនបង្ខំនរណាម្នាក់អោយចែករំលែកអ្វីមួយដែលពួកគេមិនស្រួល ឬពួកគេអាចរងផលប៉ះពាល់អវិជ្ជមាន ប្រសិនបើនរណាម្នាក់ផ្សេងទៀតលូកដៃចូល។

លើសពីនេះទៀត ប្រសិនបើអ្នកឃើញរូបថតរបស់នរណាម្នាក់ដែលអ្នកគិតថាការចែករំលែកវាអាចធ្វើឱ្យប៉ះពាល់ដល់មនុស្សនៅក្នុងរូបថតនោះ សូមមានការទទួលខុសត្រូវ និងមិនត្រូវចូលរួមក្នុងសកម្មភាពនោះទេ។ អ្នកប្រហែលជាគិតថាវាជារឿងគួរឱ្យចង់ចែករំលែក ឬវាគ្មានគ្រោះថ្នាក់អ្វីទេ ប្រសិនបើវាគ្រាន់តែចែករំលែកជាមួយមនុស្សម្នាក់។ អ្នកក៏អាចចែករំលែកវាក្នុងចេតនាល្អដែលព្យាយាមលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃរូបថត។ ក៏ប៉ុន្តែនៅពេលដែលអ្នកចុចប៊ូតុងចែករំលែក ថាតើអ្នកចង់ ឬមិនចង់ មានន័យថាអ្នកកំពុងរួមចំណែកក្នុងស្ថានភាពដែលមនុស្សម្នាក់ទៀតមានគ្រោះថ្នាក់។

ប្រសិនបើអ្នកឃើញរូបថតកុមារដែលអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ – សូមរាយការណ៍វា ជាជាងចែករំលែក។

អ្នកអាចរាយការណ៍មកកាន់យើងបានតាមរយៈ https://aplecambodia.org/reportabuse/

en_USEnglish
Scroll to Top

Cookie Policy

We use cookies to personalize and improve your browsing experience. By clicking ‘Accept All’, you agree to  the policy.